ទូរស័ព្ទត្រកូល iPhone 15 អាចនឹងមិនមានរន្ធសម្រាប់ដាក់សុីមកាត
កាលពីខែកញ្ញា ក្រុមហ៊ុន Apple បានបញ្ចេញទូរស័ព្ទត្រកូល iPhone 13 របស់ខ្លួនជាផ្លូវការដោយយកលំនាំការរចនាភាគច្រើនចេញពី iPhone ដែលបានចេញកាលពីឆ្នាំមុន (iPhone 12 Series) ហើយក្រុមហ៊ុន Apple ក៏នឹងមានគម្រោងក្នុងការដាក់បញ្ចេញទូរស័ព្ទត្រកូល iPhone 14 របស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះផងដែរ។
បន្ថែមពីនេះ មានពាក្យចចាមអារ៉ាមមួយចំនួននៅក្នុងបណ្តាញអ៊ីនធើណែតបាននិយាយថា សម្រាប់ទូរស័ព្ទត្រកូល iPhone 15 របស់ក្រុមហ៊ុន Apple អាចនឹងមិនមានរន្ធសម្រាប់ដាក់សុីមកាតនោះទេ។ យើងមិនអាចទទួលស្គាល់នូវព័ត៌មាននេះថាជាព័ត៌មានពិត ឬក៏មិនពិតបានឡើយ ដោយសារតែគ្មានការបញ្ជាក់ណាមួយពីក្រុមហ៊ុន Apple ផ្ទាល់នោះទេ។
ពាក្យចចាមអារ៉ាមទាំងអស់នេះ មានប្រភពចេញមកពីគេហទំព័ររបស់ប្រទេសប្រេសុីល Blog do iPhone ដោយប្រភពមួយនេះបានចុះផ្សាយថា ទូរស័ព្ទម៉ូដែល iPhone 15 Pro អាចនឹងមិនមានរន្ធដាក់សុីមកាតនោះទេ ដោយក្រុមហ៊ុន Apple នឹងងាកមកប្រើប្រាស់បច្ចេកវិទ្យា eSIM វិញ។ (eSIM គឺជាសុីមកាតឌីជីថលដែលអាចឱ្យអ្នកភ្ជាប់គម្រោងពីក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទ និងអ៊ីនធឺណេតបាន ឧទាហរណ៍: Cellcard, Smart, Metfone ដោយមិនចាំបាច់ប្រើប្រាស់សុីមកាតផ្ទាល់ដូចទូរស័ព្ទដ៏ទៃនោះទេ)។
ប្រភពដដែលនេះក៏បានបន្ថែមផងដែរថា ទូរស័ព្ទម៉ូដែល iPhone 15 អាចនឹងទ្រទ្រង់ប្រព័ន្ធសុីមឌីជីថល eSIM ចំនួនពីរ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្រើសេវាកម្មទូរស័ព្ទ និងអ៊ីនធឺណេតបានពីរប្រព័ន្ធដូចទៅនឹងទូរស័ព្ទដែលមានរន្ធដាក់សុីមចំនួនពីរដែរ។ ដូចដែលបានបញ្ជាក់ពីខាងលើ ព័ត៌មានដែលចេញផ្សាយនេះ មិនបានធ្វើការបញ្ជាក់ពីក្រុមហ៊ុន Apple ផ្ទាល់នោះទេ ដូចនេះយើងមានតែចាំតាមដាននាពេលខាងមុខបន្តទៀតប៉ុណ្ណោះ៕
ប្រភព: GSMArena
Post a Comment