Huawei Nova 8i÷ ទូរស័ព្ទ Android ដែលមានកម្លាំងម៉ាស៊ីនមធ្យម ប៉ុន្តែពុំមានសេវាកម្មរបស់ Google (Review)

នៅពេលដែលយើងនិយាយពីក្រុមហ៊ុន Huawei គឺប្រាកដណាស់យើងតែងតែនឹកគិតទៅដល់ទូរស័ព្ទ Android ដែលគ្មានសេវាកម្មរបស់ Google។ ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនមួយដែលមិនអាចទទួលបានកញ្ចប់សេវាកម្មរបស់ Google ដោយសារតែបញ្ហាចម្រូងចម្រាសមួយចំនួន។ 

ប៉ុន្តែបញ្ហាមួយនេះ មិនអាចរារាំងឱ្យក្រុមហ៊ុន Huawei បញ្ឈប់ការផលិតស្មាតហ្វូនរបស់ខ្លួនបានឡើយ ដោយជាក់ស្តែងនៅថ្ងៃទី២២ ខែកក្កដា ក្រុមហ៊ុន Huawei បានប្រកាសចេញនូវទូរស័ព្ទត្រកូល Nova របស់ខ្លួនគឺ Huawei Nova 8i ជាមួយនឹងកម្លាំងម៉ាសុីនកម្រិតមធ្យម។

ទូរស័ព្ទ Huawei Nova 8i បំពាក់មកជាមួយអេក្រង់ IPS LCD ដែលមានទំហំ 6.67 អុីញ ជាមួយនឹងកម្រិតបង្ហាញភាពច្បាស់ 1080×2376 pixels។ ជាមួយនឹងអេក្រង់ IPS LCD នេះដែរ ក្រុមហ៊ុន Huawei ក៏បានបំពាក់មកជាមួយនឹងកាមេរ៉ាស៊ែលហ្វីទម្លុះអេក្រង់មួយគ្រាប់ ដែលមានទំហំ 16 មេហ្កាភិចស៊ែល ដែលអាចថតវីដេអូបាននៅក្នុងកម្រិត 1080p@30fps។

ចំពោះផ្នែកកម្លាំងម៉ាស៊ីនវិញ ទូរស័ព្ទត្រកូល Nova 8i បំពាក់មកជាមួយបន្ទះឈីប Qualcomm SM6115 Snapdragon 662 និងមានជម្រើសរ៉េម 6/8GB ជាមួយនឹងជម្រើសអង្គផ្ទុកទិន្នន័យ 128GB។ ដូចដែលបានបញ្ជាក់ពីខាងលើ ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei មួយនេះ មិនមានកញ្ចប់សេវាកម្មរបស់ក្រុមហ៊ុន Google នោះទេ ដោយវាប្រើជំនួសដោយផ្ទៃប្រើប្រាស់ EMUI 11 (ប្រើប្រាស់ App Gallery ជំនួសឱ្យ Playstore) នៅលើប្រព័ន្ធប្រតិបត្តិការ Android 10។

ត្រឡប់មកផ្នែកខាងក្រោយវិញ ទូរស័ព្ទ Huawei Nova 8i បំពាក់មកជាមួយនឹងកាមេរ៉ាក្រោយចំនួនបួនគ្រាប់ ដែលមានការរចនារូបរាងស្រដៀងទៅនឹងលេវអាវ ដែលកាមេរ៉ាទាំងអស់នោះមាន÷

_ លេនកាមេរ៉ាគោលទំហំ 64 មេហ្កាភិចស៊ែល (ដើរតួរជាលេន wide ផងដែរ)

_ លេនកាមេរ៉ា ultrawide ទំហំ 8 មេហ្កាភិចស៊ែល (ប្រើសម្រាប់ថតរូបភាពកោងខ្លាំង)

_ លេនកាមេរ៉ា macro ទំហំ 2 មេហ្កាភិចស៊ែល (ប្រើសម្រាប់ថតវត្ថុជិត ឬតូច)

_ និងលេនកាមេរ៉ាចុងក្រោយគេគឺជាលេន depth ទំហំ 2 មេហ្កាភិចស៊ែល (ប្រើសម្រាប់ជំនួយដល់ការថតព្រាលផ្ទៃខាងក្រោយ)។

ជាដំណឹងល្អសម្រាប់អ្នកចូលចិត្តប្រើកាសដោតខ្សែ ដោយក្រុមហ៊ុន Huawei នៅតែរក្សារុន្ធដោតកាស 3.5mn នៅលើទូរស័ព្ទត្រកូល Nova 8i ដ៏ដែល និងបន្ថែមពីនេះ វាក៏ទទួលបាននូវកម្លាំងសាកថ្មល្បឿនលឿន 66W ដែលចំណាយពេលសាក 17នាទីទទួលបានកម្លាំងថ្ម 60% និងការសាករយៈពេល 38នាទីទទួលបានកម្លាំងថ្ម 100% នៃកម្លាំងថាមពលថ្មសរុប 4300 mAh ផងដែរ៕



ប្រភព: GSMArena

Post a Comment

To Top