ប្រទេសរុស្ស៊ីបានធ្វើការផាកពិន័យទៅលើក្រុមហ៊ុន Google ជាទឹកប្រាក់ប្រមាណជាជាង 98 លានដុល្លារជុំវិញលើការមិនបានលុបមាតិកាដែលខុសច្បាប់ចេញ

តុលាការនៃប្រទេសរុស្ស៊ីបានធ្វើការពិន័យជាទឹកប្រាក់ប្រមាណជាជាង 7.2 ពាន់លាន Rouble (98 លានដុល្លារ) ទៅលើក្រុមហ៊ុន Google ដោយក្រុមហ៊ុនមួយនេះបានបរាជ័យក្នុងការលុបនូវមាតិកា (Content) មួយចំនួនធំដែលប្រទេសរុស្ស៊ីចាត់ទុកវាថាជាមាតិកាខុសច្បាប់។

ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសរុស្ស៊ីហាក់បីដូចជាធ្វើការផាកពិន័យទៅលើក្រុមហ៊ុនធំៗជាច្រើន តួយ៉ាងប្រទេសរុស្ស៊ីក៏ធ្លាប់បានពិន័យទៅលើក្រុមហ៊ុន Meta ផងដែរ ដែលក្រុមហ៊ុនមួយនេះបានប្រឈមមុខនឹងបញ្ហាស្រដៀងទៅនឹងក្រុមហ៊ុន Google ដូចគ្នាដោយខ្លួនមិនបានលុប ឬ Ban មាតិកាដែលខុសទៅនឹងច្បាប់ប្រទេសរុស្ស៊ីប្រមាណជាជាង 2000 មាតិកា ខណៈពេលដែលក្រុមហ៊ុន Google មានរហូតដល់ទៅ 2600 មាតិកា។

មាតិកាដែលក្រុមហ៊ុន Google និងក្រុមហ៊ុន Meta ធ្លាប់បានផ្សាយនោះរួមមាន ការបង្ហោះផ្សព្វផ្សាយអំពីការប្រើប្រាស់គ្រឿងញៀន ការបង្ហាញពីកាយវិការ ឬសកម្មភាពគ្រោះថ្នាក់ ការណែនាំអំពីការផលិតអាវុធ និងគ្រឿងផ្ទុះ មាតិកាដែលទាក់ទងទៅនឹងអ្នកចាត់តាំងជ្រុលនិយម ឬភេរវករ និងការឃោសនាផ្សព្វផ្សាយពីការស្រឡាញ់ភេទដូចគ្នាជាដើម។

ដើម្បីឆ្លើយតបទៅនឹងបណ្តឹងខាងលើ ក្រុមហ៊ុន Google ក៏បានប្រកាសផងដែរថា ខ្លួននឹងពិនិត្យមើលឯកសាររបស់តុលាការទាំងអស់ មុននឹងខ្លួនសម្រេចចិត្តថាត្រូវបន្តជាមួយនឹងពាក្យបណ្តឹងនេះដោយរបៀបណា។ ក្រុមហ៊ុន Google មានរយៈពេល ១០ ថ្ងៃសម្រាប់ធ្វើការដាក់ពាក់បណ្តឹងឧទ្ធរណ៍ទៅកាន់ប្រទេសរុស្ស៊ី៕


ប្រភព: Engadget

Post a Comment

To Top