ក្រុមហ៊ុន Apple សម្រេចចិត្តបិទហាងបីកន្លែងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដាដោយសារតែការរីករាលដាលនៃជំងឺកូវីត-១៩
ក្រុមហ៊ុន Apple កំពុងតែបង្ខំចិត្តបិទហាងលក់ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិករបស់ខ្លួនជាច្រើនកន្លែងទៀត ដោយសារតែកត្តារីករាលដាលនៃជំងឺកូវីត-១៩។
បើយោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុនផលិតទូរស័ព្ទដៃ iPhone មួយនេះ បានសម្រេចចិត្តបិទហាងចំនួនបីកន្លែងទៀត ដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដោយសារតែបានរកឃើញថា មានការផ្ទុះឡើងនូវជំងឺកូវីត-១៩ ដែលពាក់ព័ន្ធទៅនឹងបុគ្គលិកដែលធ្វើការនៅក្នុងហាងទាំងនោះផ្ទាល់។
ហាងដែលត្រូវបិទទាំងបីកន្លែងនោះ មានទីតាំងនៅក្នុងទីក្រុង Annapolis (Annapolis Mall), រដ្ឋ Miami (Brickell City Centre) និងនៅក្នុងរដ្ឋធានី Ottawa នៃប្រទេសកាណាដា។ ការបិទជាបណ្ដោះអាសន្ននេះដែរ អាចនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១៨ ខែធ្នូ ឬក៏អាចហួសដល់ថ្ងៃទី១៩ ខែធ្នូ ទៅតាមស្ថានភាពជាក់ស្តែង។
យើងមិនច្បាស់ទេថា តើមានបុគ្គលិកប៉ុន្មានអ្នកដែលបម្រើការនៅក្នុងហាងរបស់ Apple នោះត្រូវបានឆ្លងដោយជំងឺកូវីត-១៩ ប៉ុន្តែបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Apple ទៅកាន់សារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុន Apple បានធ្វើការការពារយ៉ាងប្រុងប្រយ័ត្នណាស់ជាមួយនឹងជំងឺមួយនេះ ដោយពួកគេបានអនុវត្តការពាក់ម៉ាស បាញ់អាកុលសម្អាតដៃ និងបើសិនជាមានបុគ្គលិកណាដែលសង្ស័យថានឹងអាចមានវិជ្ជមានជំងឺកូវីត-១៩ ក្រុមហ៊ុននឹងអនុញ្ញាតឱ្យបុគ្គលិកនោះសម្រាកនឹងព្យាបាល ហើយការចំណាយរ៉ាប់រងទាំងអស់គឺស្ថិតនៅលើក្រុមហ៊ុន៕
ប្រភព: Engadget
Post a Comment