YouTube នឹងចាប់ផ្តើមលាក់ចំនួន Dislike នៅគ្រប់វីដេអូទាំងអស់!!
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន YouTube បានចាប់ផ្តើមធ្វើការបិទ និងលាក់ចំនួនអ្នកមិនចូលចិត្ត (Dislike) ដើម្បីជួយកាត់បន្ថយការវាយប្រហារតាមរយ:ការ dislike សម្រាប់អ្នកផលិតវីដេអូ (YouTube content creator) ទាំងអស់។
ការលាក់នូវចំនួនអ្នកដែលមិនចូលចិត្តនេះ មិនមែនមានន័យថា អ្នកប្រើប្រាស់មិនអាចធ្វើការ dislike ទៅលើវីដេអូដែលអ្នកមិនចូលចិត្តនោះទេ វាគ្រាន់តែធ្វើការបិទមិនឱ្យមើកឃើញនូវចំនួនអ្នកដែលមិនចូលចិត្តតែប៉ុណ្ណោះ ដោយប៊ូតុង dislike នៅតែបន្តឱ្យមានដដែល។ ចំពោះអ្នកផលិតវីដេអូ អាចឆែកមើលចំនួនអ្នកមិនចូលចិត្តវីដេអូរបស់ខ្លួនបាន នៅក្នុងវេបសាយ ឬកម្មវិធី YouTube Studio។
ក្រុមហ៊ុន YouTube បាននិយាយថា តាមរយៈការបិទចំនួនមិនចូលចិត្ត (dislike) នេះ គឺក្រុមហ៊ុន YouTube ចង់បង្កើតបរិយាកាសមួយដោយមានការគោរព និងសុវត្ថិភាពសម្រាប់ការបញ្ចេញមតិរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន YouTube ក៏បានបន្ថែមផងដែរថា នេះគឺជាជំហានដំបូងរបស់ពួកគេ ក្នុងការអនុវត្តការការពារទៅលើអ្នកផលិតវីដេអូ (content creator) ជាពិសេសអ្នកដែលទើបតែចាប់ផ្តើមធ្វើវីដេអូ ឱ្យជៀសផុតពីការវាយប្រហារតាមរយៈការចុចលើប៊ូតុងមិនចូលចិត្ត។
យ៉ាងណាមិញ បើទោះបីជាមូលហេតុដែល ក្រុមហ៊ុន YouTube បានលើកឡើងខាងលើនេះសមហេតុផលយ៉ាងណាក្តី ក៏មានការប្រកែកពីអ្នកប្រើប្រាស់ផងដែរថា ការដាក់ចំនួនមិនចូលចិត្តនៅក្នុងវីដេអូ អាចមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ ដោយពួកគេអាចដឹងថាតើវីដេអូនោះមានគុណភាព ឬការទាក់ទាញសម្រាប់អ្នកមើលឬក៏អត់។ ចំពោះការប្រកែកខាងលើនេះ ក្រុមហ៊ុន YouTube ក៏បាននិយាយបកស្រាយផងដែរថា បើតាមការស្រាវជ្រាវរបស់ខ្លួន YouTube មិនបានរកឃើញភាពខុសគ្នាដែលគួរឱ្យកត់សម្គាល់នូវចំនួនអ្នកមើលនោះទេ បើទោះបីជាអ្នកប្រើប្រាស់អាចមើលឃើញចំនួនមិនចូលចិត្ត ឬមើលមិនឃើញក៏ដោយ៕
ប្រភព: GSMArena
Post a Comment