ក្រុមហ៊ុន Spotify កំពុងសាកល្បងលើមុខងារបង្ហាញវីដេអូបញ្ឈរដែលស្រដៀងទៅនឹងកម្មវិធី TikTok ដែរ!!
កម្មវិធី TikTok ដែលមានដើមកំណើតចេញពីប្រទេសចិន គឺជាកម្មវិធីកម្សាន្តមួយដែលបង្ហាញនូវវីដេអូខ្លីៗតាមបែបបញ្ឈរ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់អ៊ីនធើណែតនៅជុំវិញពិភពលោក។ ដោយហេតុនេះហើយ ទើបមានក្រុមហ៊ុនមួយចំនួនបាននាំយកមុខងារនេះទៅបំពាក់លើកម្មវិធីរបស់ពួកគេដែរ ក្នុងចំណោមកម្មវិធីទាំងអស់ក៏រួមមានកម្មវិធី Spotify ផងដែរ។
ក្រុមហ៊ុន Spotify កំពុងតែសាកល្បងនៅលើមុខងារដែលបង្ហាញវីដេអូបញ្ឈរបូករួមនឹងការចាក់ភ្លេងដែលដូចទៅនឹងកម្មវិធី TikTok ដែរ។ មុខងារនេះត្រូវបាន Spotify ឱ្យឈ្មោះថា Discover ដែលរកឃើញដោយលោក Chris Messina ដែលលោកបានរកមុខងារនេះឃើញនៅក្នុង Spotify TestFlight build (TestFlight គឺជាកម្មវិធីឬមុខងាររបស់ IOS សម្រាប់អ្នក Developer ដើម្បីធ្វើការអភិវឌ្ឍន៏នូវកម្មវិធីណាមួយ)។
សារព័ត៌មាន TechCrunch បានសាកសួរទៅកាន់ក្រុមហ៊ុន Spotify អំពីមុខងារ Discover នេះដែរ ប៉ុន្តែក្រុមហ៊ុន Spotify មានភាពច្របូកច្របល់នៅឡើយ ដោយខ្លួនគ្រាន់តែបង្ហើបថា មុខងារ Discover នេះគឺជាការសាកល្បងដើម្បីឱ្យដឹងថា តើមុខងារនេះនឹងត្រូវបន្ថែម និងដកនូវចំណុចណាខ្លះ មុននឹងមុខងារនេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលអនាគត៕
ប្រភព: GSMArena
Post a Comment