ទូរស័ព្ទ Realme GT Neo 2 បានមកដល់ទីផ្សារប្រទេសថៃ និងប្រទេសម៉ាឡេស៊ីហើយ
បន្ទាប់ពីការចេញលក់ជាផ្លូវការនូវទូរស័ព្ទ Realme GT Neo 2 នៅក្នុងប្រទេសចិននិងការដាក់បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌារួចមក ក្រុមហ៊ុន Realme បានដាក់លក់ទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួនមួយនេះនៅក្នុងប្រទេសចំនួនពីរទៀតគឺ ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។
សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ អ្នកអាចទិញទូរស័ព្ទមួយនេះក្នុងតម្លៃ 13,990 បាត (ស្មើនឹង 416ដុល្លារ) ជាមួយនឹងជម្រើសរ៉េម 8GB និងទំហំផ្ទុក 128GB។
ចំណែកឯទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ីវិញ ក្រុមហ៊ុន Realme បានដាក់លក់ទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួនដែលមានរ៉េម 12GB នឹងទំហំផ្ទុក 256GB នៅក្នុងតម្លៃ 2,099 រីងហ្គីត (ជារូបិយប័ណ្ណម៉ាឡេស៊ី) ដែលស្មើនឹង 505 ដុល្លារសហរដ្ឋអាមេរិក។
ទូរស័ព្ទដៃ Realme GT Neo 2 បំពាក់មកជាមួយឈីប Snapdragon 870 និងអេក្រង់ AMOLED 6.6 អុីញ បូកជាមួយនឹងល្បឿន refresh rate 120Hz។
បើនិយាយពីកាមេរ៉ាវិញ ទូរស័ព្ទរបស់ ក្រុមហ៊ុន Realme មួយនេះ បំពាក់នូវកាមេរ៉ាទំហំ 64 megapixels រួមជាមួយកាមេរ៉ាទំហំ 8 megapixels ដែលជា len ទូលាយ និងទំហំ 2 megapixels ទៀត ដែលជា len macro ថតវត្ថុជិត។
ចំពោះថាមពលថ្មវិញ ទូរស័ព្ទដៃ Realme GT Neo 2 នេះ នាំមកជាមួយថាមពលថ្ម 5000 mAh បូករួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W ថែមទៀតផង៕
ប្រភព: GSMArena
Post a Comment