Instagram កំពុងតែសាកល្បងមុខងារថ្មីដែលរំលឹកអ្នកប្រើប្រាស់ឱ្យសម្រាកពីការប្រើប្រាស់កម្មវិធី!!

អ៊ីនស្តាក្រាម (Instagram) គឺជាកម្មវិធីបណ្ដាញសង្គមមួយក្នុងចំណោមកម្មវិធីបណ្តាញសង្គមទាំងអស់របស់ក្រុមហ៊ុន Meta។ កំណើននៃអ្នកប្រើប្រាស់កម្មវិធី Instagram នេះក៏មានចំនួនប្រហាក់ប្រហែលទៅនឹងចំនួនអ្នកប្រើប្រាស់របស់កម្មវិធី Facebook ផងដែរ។

នាពេលថ្មីៗនេះ ប្រធានរបស់ក្រុមហ៊ុន Instagram គឺលោក Adam Mosseri បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Instagram កំពុងតែចាប់ផ្ដើមសាកល្បងទៅលើមុខងារមួយដែលមានឈ្មោះថា “Take a Break” ដើម្បីជួយដល់អ្នកប្រើប្រាស់ទប់ស្កាត់នឹងការញៀនទៅលើកម្មវិធី Instagram របស់ពួកគេ និងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ចំណាយពេលជាមួយមនុស្សជុំវិញខ្លួន ឬក៏សម្រាកពីកម្មវិធីនេះ។

មុខងារខាងលើនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចកំណត់ការរំលឹកនៅក្នុងកម្មវិធីបាន នៅពេលដែលអ្នកប្រើប្រាស់កម្មវិធី Instagram ចាប់ពី ១០, ២០ ឬ ៣០ នាទីឡើងទៅ។

បន្ថែមពីនេះ ក្រុមហ៊ុន Instagram បានសហការជាមួយនឹងក្រុម Developers បន្ថែមទៀតក្នុងការផលិតនូវមុខងារ “Take a Break” នេះឡើង ហើយវានឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់មួយចំនួនក្នុងរយ:ពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមហ៊ុន Instagram គ្រោងនឹងដាក់ដំណើរការមុខងារនេះសាកល្បងនៅក្នុងចន្លោះខែធ្នូ ហើយបើសិនជាការដាក់ឱ្យសាកល្បងដំណើរការដោយរលូន មុខងារ “Take a Break” នឹងអាចដាក់ឱ្យដំណើរការសម្រាប់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងរយ:ពេលមួយ ឬពីរខែទៀត៕


ប្រភព: GSMArena

Post a Comment

To Top