ការជីកយកវត្ថុធាតុដើមសម្រាប់ផលិតរូបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency) នៅក្នុងប្រទេសកាហ្សាក់ស្ថានកំពុងនាំឱ្យមានការខ្វះខាតថាមពល!!
រូបិយប័ណ្ណអេឡិចត្រូនិក ឬ Cryptocurrency គឺជារូបិយប័ណ្ណដែលអ្នកអាចជីកវាបានតាមរយ:ការ Mining នៅក្នុងកំព្យូទ័រដោយប្រើប្រភេទ GPU កាតកម្រិតខ្ពស់។ រូបិយប័ណ្ណអេឡិចត្រូនិកមានដូចជា Bitcoin, Ethereum, Dogecoin, Litecoin... ដែលជារូបិយប័ណ្ណអេឡិចត្រូនិកដែលអ្នកអាចធ្វើការលក់វាយកជាថវិកាក្រៅបាន តួយ៉ាងរូបិយប័ណ្ណ Bitcoin ដែលសព្វថ្ងៃមានតម្លៃខ្ទង់មុឺនដុល្លារសហរដ្ឋអាមេរិក។
ងាកមកកាន់ព័ត៌មានរបស់យើងវិញ ការជីកយករ៉ែអេឡិចត្រូនិកត្រូវការប្រើប្រាស់ថាមពលយ៉ាងច្រើន ដែលជាកត្តាជំរុញឱ្យមានវិបត្តិថាមពលនៅក្នុងប្រទេសកាហ្សាក់ស្ថាន។ បើយោងតាមកាសែត Financial Times បានចេញផ្សាយថា KEGOC ដែលជាបណ្តាញចែកចាញអគ្គិសនីនៅក្នុងប្រទេសកាហ្សាក់ស្ថាននឹងធ្វើការបែងចែកអគ្គិសនីសម្រាប់ក្រុមហ៊ុន ឬស្ថាប័នណាដែលបានចុះឈ្មោះចំនួន 50 ក្រុមហ៊ុន ឬស្ថាប័នសម្រាប់តម្រូវការជីកយករ៉ែអេឡិចត្រូនិករបស់ពួកគេ។
ក្រសួងអគ្គិសនីនិងថាមពលរបស់ប្រទេសកាហ្សាក់ស្ថានបានប៉ាន់ប្រមាណថា តម្រូវការនៃថាមពលអគ្គិសនីបានកើនឡើងរហូតដល់ 8% នៅក្នុងឆ្នាំ2021 នេះ ដែលពីមុន ការកើនឡើងនៃតម្រូវការថាមពលអគ្គិសនីនោះ មានត្រឹមតែ 1 ទៅ 2% ប៉ុណ្ណោះ។ ដោយសារតែកំណើននៃតម្រូវការអគ្គិសនីនេះហើយ ទើបធ្វើឱ្យតំបន់មួយចំនួនត្រូវដាច់ភ្លើងញឹកញាប់ដោយសារតែកង្វះខាតនៃការផ្គត់ផ្គង់អគ្គិសនីមិនបានគ្រប់ចំនួន។
ប្រទេសកាហ្សាក់ស្ថានកំពុងតែព្យាយាមដោះស្រាយនូវបញ្ហាមួយនេះ ដោយខ្លួនបានស្នើសុំឱ្យក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់ប្រទេសរុស្សី បំពេញបន្ថែមពីលើកម្លាំងថាមពលអគ្គិសនីរបស់ខ្លួន ហើយក្រុមហ៊ុន ឬស្ថាប័នដែលជីកយករ៉ែអេឡិចត្រូនិកនោះត្រូវបង់ប្រាក់ចំនួន 1 Tenge (ប្រហែល $0.0023) សម្រាប់ថាមពលអគ្គិសនីក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលគិតចាប់ពីឆ្នាំ២០២២ នេះតទៅ៕
ប្រភព: Engadget
Post a Comment