ក្រុមហ៊ុន EA បានបញ្ចេញកម្មវិធីថ្មីនៅក្នុងកំព្យូទ័រ ដើម្បីជំនួសកម្មវិធី Origin
អស់រយៈពេលពីរឆ្នាំហើយ ចាប់តាំងពីក្រុមហ៊ុន EA បានប្រកាសថា ខ្លួនកំពុងធ្វើការលើការបង្កើតកម្មវិធីជំនួសកម្មវិធី Origin សម្រាប់អ្នកប្រើប្រាស់នៅក្នុងកំព្យូទ័រ។ ឥឡូវនេះ កម្មវិធីដែលពួកគេបានចំណាយពេលផលិត កំពុងតែដាក់បញ្ចេញឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows ហើយ។
កម្មវិធីដែលទើបតែបញ្ចេញថ្មីរបស់ក្រុមហ៊ុន EA គឺជាកម្មវិធីជំនាន់សាកល្បងដែលមានដំណើរការលឿនបំផុតសម្រាប់កំព្យូទ័រ។ ក្រុមហ៊ុន EA បានសន្យាថា ពួកគេនឹងព្យាយាមបង្កើតការរចនារបស់កម្មវិធីឱ្យមានភាពរលូន ក៏ដូចជាបង្កើតការស្វែងរកកម្មវិធីហ្គេមឱ្យកាន់តែមានភាពងាយស្រួល។
ក្រុមហ៊ុន EA ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការភ្ជាប់គណនី EA របស់ពួកគេ ក៏ដូចជាគណនី Steam, Xbox និង PlayStation ដោយវាអាចគាំទ្រនូវហ្គេម Apex Legends និង FIFA ជាដើម។ អ្នកប្រើប្រាស់ក៏នឹងទទួលបាន EA ID សម្រាប់ឱ្យមិត្តភក្តិរបស់អ្នកងាយស្រួលសម្គាល់ផងដែរ។
ឆាប់ៗនេះ កម្មវិធីថ្មីរបស់ក្រុមហ៊ុន EA ក៏នឹងបញ្ជូនសារទៅកាន់អ្នកប្រើប្រាស់កម្មវិធី Origin ឱ្យប្តូរមកប្រើប្រាស់កម្មវិធីថ្មីនេះផងដែរ៕
ប្រភព៖ Engadget
Post a Comment