ទូរស័ព្ទ Tecno Spark 9 នឹងដាក់លក់នៅក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី១៨ ខែកក្កដា
យើងបានឃើញការបង្ហាញខ្លួនរបស់ទូរស័ព្ទ Spark 9 Pro និង Spark 9T ហើយ ហើយឥឡូវនេះ ក្រុមហ៊ុន Tecno ក៏បានបញ្ជាក់ថាខ្លួនក៏នឹងត្រៀមនាំយកម៉ូដែល Tecno Spark 9 ចូលមកក្នុងជួរខ្សែស្រឡាយនៃត្រកូល 9 ផងដែរ។
ទូរស័ព្ទ Tecno Spark 9 នឹងបង្ហាញខ្លួនក្នុងថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ ដែលនឹងត្រូវជាថ្ងៃទី១៨ ខែកក្កដា ប៉ុន្តែមុននឹងទូរស័ព្ទមួយនេះត្រូវបានដាក់បង្ហាញខ្លួនជាផ្លូវការ ក្រុមហ៊ុន Tecno ក៏បានបញ្ចេញនូវលក្ខណៈសម្បត្តិមួយចំនួនផងដែរ។
ដូចទៅនឹងផ្ទាំង Poster ខាងលើ ទូរស័ព្ទ Tecno Spark 9 នឹងបំពាក់មកជាមួយអេក្រង់ LCD ទំហំ 6.6អុីញ ដែលមានកម្រិតបង្ហាញ HD+ គួបផ្សំជាមួយនឹងល្បឿន Refresh Rate 90Hz និងមានការរចនាកាមេរ៉ាស៊ែលហ្វីខាងមុខបែបដំណក់ទឹក។
ទូរស័ព្ទនេះដែរនឹងប្រើប្រាស់ជាមួយបន្ទះឈីប Helio G37 របស់ក្រុមហ៊ុន MediaTek និងមានរ៉េមទំហំ 6GB (អាចបន្ថែមបានដល់ 11GB សម្រាប់ Virtual Ram) និងមានអង្គផ្ទុកទិន្នន័យទំហំ 128GB។ សម្រាប់ប្រព័ន្ធប្រតិបត្តិការវិញ ទូរស័ព្ទរបស់ក្រុមហ៊ុន Tecno មួយនេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 12 នៅលើផ្ទៃប្រើប្រាស់ HiOS 8.6។
ទូរស័ព្ទ Tecno Spark 9 នឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000 mAh ហើយអាចនឹងនាំមកជាមួយជម្រើសពណ៌ចំនួនពីរពណ៌ ដែលមានពណ៌ខ្មៅ និងពណ៌ខៀវ។ ចំពោះតម្លៃវិញ ក្រុមហ៊ុន Tecno បានបញ្ជាក់ថា វាអាចនឹងមានតម្លៃក្រោម INR 10,000 (ប្រហែល $125)៕
ប្រភព៖ GSMArena
Post a Comment