Instagram កំពុងសាកល្បងលើមុខងារផ្ទៀងផ្ទាត់អាយុ តាមរយៈរូបភាពស៊ែលហ្វី

នៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុន Instagram បានចាប់ផ្តើមសាកល្បងទៅលើមុខងារថ្មីមួយដែលជាមុខងារផ្ទៀងផ្ទាត់អាយុតាមរយៈរូបភាព។ 

ដើម្បីអាចធ្វើការផ្ទៀងផ្ទាត់អាយុរបស់អ្នកបាន អ្នកប្រើប្រាស់តម្រូវឱ្យ Upload ID របស់ខ្លួន ជាធម្មតាការផ្ទៀងផ្ទាត់អាចនឹងចាយពេលពីរថ្ងៃ ប៉ុន្តែអ្នកអាចធ្វើវាបានលឿនជាងនេះបាន តាមរយៈមធ្យោបាយមួយក្នុងចំណោមវិធីទាំងពីរបែប។


វិធីទីមួយអ្នកអាចធ្វើការថតវីដេអូស៊ែលហ្វី ដោយមុខងារនេះនឹងបង្ហាញអ្នកពីរបៀបថតនៅលើកញ្ចក់ទូរស័ព្ទរបស់អ្នកផ្ទាល់តែម្តង។ នៅពេលដែលអ្នកថតរួច វីដេអូរបស់អ្នកនឹងត្រូវបានបញ្ជូនទៅ Yoti ដែលជាក្រុមហ៊ុនជំនាញនៅក្នុងការផ្ទៀងផ្ទាត់អាយុ និងជាដៃគូសហការរបស់ក្រុមហ៊ុន Instagram ចំពោះមុខងារមួយនេះ។


បច្ចេកវិទ្យារបស់ក្រុមហ៊ុន Yoti នឹងធ្វើការប៉ាន់ស្មានក៏ដូចជាវាយតម្លៃពីអាយុរបស់អ្នក តាមរយៈការពិនិត្យទៅលើលក្ខណៈផ្ទៃមុខរបស់អ្នក ហើយបន្ទាប់ពីពួកគេធ្វើការផ្ទៀងផ្ទាត់ចប់ វីដេអូស៊ែលហ្វីរបស់អ្នកនឹងត្រូវបានលុបចេញ ដោយវាចំណាយពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ។


ជម្រើសទីពីរគឺធ្វើការវាយតម្លៃតាមរយៈការបោះឆ្នោតជាក់ស្តែងនៅក្នុងកម្មវិធី Instagram ដែលស្តាប់មើលទៅវាហាក់បីដូចជាអ្នកត្រូវសួរ Followers របស់អ្នក ថាអ្នកមានអាយុប៉ុន្មាន។ អ្នកនឹងតម្រូវឱ្យធ្វើការជ្រើសរើសមនុស្សចំនួនបីនាក់ (ដែលជា Followers របស់អ្នក) ដើម្បីធ្វើការផ្ញើនូវសំណើរនោះ ហើយពួកគេនឹងត្រូវធ្វើការឆ្លើយតបក្នុងរយៈពេលបីថ្ងៃ។

ដូចរាល់ដង មុខងារថ្មីនេះគឺមានតែនៅក្នុងសហរដ្ឋអាមេរិកសិនតែប៉ុណ្ណោះ ដោយវាអាចនឹងបញ្ចេញឱ្យប្រើប្រាស់ជាសកលនៅពេលដែលវាដំណើរការបានត្រឹមត្រូវ៕


ប្រភព៖ GSMArena

Post a Comment

To Top