គ្រាន់តែប្រើគណនី Google តែមួយសោះ ជនទុច្ចរិតក៏អាចមានសិទ្ធិចូលមើល និងទាញយករាល់រូបភាព ឬ វីដេអូរបស់អ្នកបានដែរ

ក្នុងយុគ្គសម័យបច្ចេកវិទ្យា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានព្យាយាមរិះរកវិធី ឬ មធ្យោបាយថ្មីៗដើម្បីសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ វិធីសាស្ត្រ ឬ របកគំហើយថ្មីៗនៃបច្ចេកវិទ្យានេះទៀតសោត ក៏បានផ្តល់នូវគុណប្រយោជន៍មិនល្អដល់ជនឆ្លៀតឱកាសមួយចំនួនក្នុងការប្រព្រឹត្តិអំពើមិនល្អ ដើម្បីទាញយកផលប្រយោជន៍របស់ពួកគេផងដែរ។

អ្នកអាចនឹងត្រូវបានជនទុច្ចរិតទាំងអស់នោះឆបោកទៅតាមវិធីសាស្ត្ររបស់ពួកគេ តួយ៉ាងនៅពេលដែលអ្នកឱ្យទូរស័ព្ទរបស់អ្នកទៅគេខ្ចី បើសិនជាចំជនទុច្ចរិតដែលមានបំណងមិនល្អ ចង់តាមដានក៏ដូចជាចង់ដឹងនូវរឿងសម្ងាត់ផ្ទាល់ខ្លួនរបស់អ្នក ពួកគេអាចនឹងប្រើនូវវិធីសាស្រ្តដ៏ងាយស្រួល និងពិបាកនៅក្នុងការកំណត់សម្គាល់មួយ ដើម្បីទាញយករាល់រូបភាព ឬ វីដេអូទាំងអស់របស់អ្នកបាន។


វិធីដែលអាចឱ្យជនទុច្ចរិតទាំងអស់នោះ មានសិទ្ធិចូលមើល ឬ ទាញយករាល់រូបភាព ឬ វីដេអូរបស់អ្នកបាន គឺតាមរយៈគណនី Google និងកម្មវិធី Google Photos ដែលពួកគេអាចធ្វើទៅបានតាមជំហានដូចខាងក្រោម៖


បញ្ជាក់: GTC គ្មានគោលបំណងជំរុញឱ្យអ្នកយកវិធីសាស្ត្រមិនល្អដែលជនទុច្ចរិតនៅលើបណ្តាញអ៊ីនធឺរណិត យកទៅប្រើប្រាស់នោះទេ ដោយការបង្ហាញនេះ គ្រាន់តែចង់ដាស់តឿនអ្នកឱ្យមានការប្រុងប្រយ័ត្នទៅលើការប្រើប្រាស់នៅលើបណ្តាញអ៊ីនធឺរណិត និងរបៀបការពារតែប៉ុណ្ណោះ។


• អ្នកប្រាកដជាធ្លាប់បានលឺនូវកម្មវិធី “Google Photos” ដែលជាកម្មវិធីរក្សាទុករាល់បណ្តំរូបភាព និងវីដេអូនៅក្នុងទូរស័ព្ទរបស់អ្នក ដែលស្រដៀងទៅនឹងកម្មវិធី Gallery, Pictures, Album, ឬ Photos ជាដើម (អាស្រ័យលើប្រព័ន្ធដំណើរការ និងផ្ទៃប្រើប្រាស់នៃទូរស័ព្ទរបស់អ្នក)។ កម្មវិធី Google Photos ក៏មាននូវមុខងារ “Auto Backup” ដែលជាមុខងាររក្សាទុក ឬ ទាញយករាល់រូបភាព ឬ វីដេអូរបស់អ្នកបានដោយស្វ័យប្រវត្តិ តាមរយៈគណនី Gmail ឬ គណនី Google ផងដែរ។

ដូចនេះនៅពេលដែលអ្នកឱ្យទូរស័ព្ទទៅគេខ្ចី គេអាចនឹងភ្ជាប់គណនី Google របស់គេជាមួយនឹងកម្មវិធី Google Photos បន្ទាប់មក ជនទុច្ចរិតនោះគ្រាន់តែបើកដំណើរការមុខងារ “Auto Backup” នោះពួកគេនឹងអាចឃើញរាល់រូបភាព ឬ វីដេអូដែលអ្នកមាននៅក្នុងទូរស័ព្ទដៃរបស់អ្នកបាន ដោយគ្រាន់តែភ្ជាប់គណនី Gmail ឬ គណនី Google តែមួយនៅក្នុងទូរស័ព្ទដៃ ឬ ឧបករណ៍របស់ពួកគេប៉ុណ្ណោះ។


• ដើម្បីបង្ការការពារនូវវិធីសាស្ត្រមួយនេះ សូមអ្នកចូលទៅកាន់កម្មវិធី Gmail ឬ ចូលទៅកាន់ Settings បន្ទាប់មកជ្រើសយកពាក្យ “Accounts” ដើម្បីពិនិត្យមើលគណនី Gmail ណាដែលមិនមែនជារបស់អ្នក រួច Sign Out វាចេញជាការស្រេច៕



រៀបរៀងដោយ៖ ប៉ោក លក្ខិណា

Post a Comment

To Top