កម្មវិធី Google Maps ថ្មីអាចបង្ហាញពីគុណភាពខ្យល់នៅលើផែនទីរបស់អ្នកប្រើប្រាស់បាន

កម្មវិធី Google Maps ចង់ឱ្យអ្នកដកដង្ហើមទទួលបានខ្យល់ដកដង្ហើមបរិសុទ្ធ ដូច្នេះហើយទើបក្រុមហ៊ុន Google បញ្ចេញនូវកំណែអាប់ដេតថ្មីនៅក្នុងសហរដ្ឋអាមេរិក ទាំងនៅលើទូរស័ព្ទដៃ Android និង IOS ដែលជាការបង្ហាញពីស្រទាប់គុណភាពខ្យល់ថ្មីនៅលើផែនទី។

មុខងារថ្មីនៅក្នុងកម្មវិធី Google Maps នឹងបង្ហាញអ្នកប្រើប្រាស់ពីគុណភាពខ្យល់នៅក្នុងតំបន់ដែលអ្នកកំពុងនៅ ដែលអាចជានៅតំបន់ខ្យល់ដែលមានផ្សែង ឬមានក្លិនផ្សែងអាក្រក់ ដែលពិបាកនៅក្នុងការដកដង្ហើមជាដើម។


ជាមួយនឹងព័ត៌មានលម្អិតអំពីគុណភាពខ្យល់នៅក្នុងទូរស័ព្ទដៃ អ្នកប្រើប្រាស់អាចធ្វើការសម្រេចចិត្តថាគួរចេញទៅខាងក្រៅ ឬ ក៏អត់ និងគួរទៅក្នុងរយៈពេលប៉ុន្មានម៉ោង។ នៅលើផែនទី អ្នកនឹងឃើញលេខ AQI និងគុណភាពខ្យល់ ក៏ដូចជាការណែនាំសម្រាប់សកម្មភាពនៅខាងក្រៅ ដែលត្រូវបានធ្វើការអាប់ដេត និងភ្ជាប់ជាតំណភ្ជាប់ដើម្បីធ្វើការស្វែងយល់បន្ថែម។

ទិន្នន័យទាំងអស់នេះ បានមកពីទីភ្នាក់ងាររដ្ឋាភិបាលដែលគួរឱ្យទុកចិត្តមួយ រួមជាមួយនឹងទីភ្នាក់ងារការពារបរិស្ថាន (EPA) នៅក្នុងសហរដ្ឋអាមេរិក។ ផែនទីនេះដែរក៏បានបង្ហាញពីគុណភាពខ្យល់ដែលត្រូវបានចាប់ដោយឧបករណ៍ PurpleAir ដែលជាឧបករណ៍មានតម្លៃទាបមួយ ដែលអាចផ្តល់ឱ្យអ្នកនូវការមើលគុណភាពខ្យល់ក្នុងតំបន់បាន។


បើទោះបីជាយ៉ាងណាក៏ដោយ មុខងារបង្ហាញពីគុណភាពខ្យល់នេះ មានតែនៅក្នុងសហរដ្ឋអាមេរិកសិនតែប៉ុណ្ណោះ ដោយសម្រាប់បណ្តាប្រទេសដ៏ទៃ អាចនឹងមកដល់នាពេលក្រោយ៕


ប្រភព៖ GSMArena

Post a Comment

To Top