Microsoft Edge នឹងភ្ជាប់មកជាមួយ VPN built-in មកស្រាប់ ហើយអាចប្រើបានដោយឥតគិតថ្លៃ

ក្រុមហ៊ុន Microsoft បានខំព្យាយាមឥតឈប់ឈរដើម្បីទាញយកអ្នកប្រើប្រាស់ឱ្យមកប្រើប្រាស់កម្មវិធី Browser Microsoft Edge របស់ខ្លួន។ វិធីសាស្ត្រមួយចំនួនដែលក្រុមហ៊ុន Microsoft បានប្រើប្រាស់ទៅលើការបង្កើនកម្រិតគុណភាពកម្មវិធីរបស់ខ្លួនកាលពីមុនមក ហាក់បីដូចជាពុំទទួលបាននូវលទ្ធផលល្អណាមួយនោះទេ ប៉ុន្តែសម្រាប់ជំហានចុងក្រោយបង្អស់ដែលខ្លួនបានជ្រើសនេះ អាចនឹងមានប្រសិទ្ធភាពខ្លះ។

បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Verge បានឱ្យដឹងថា ក្រុមហ៊ុន Microsoft បានបង្ហាញថាខ្លួនកំពុងតែបន្ថែមមុខងារអ៊ីនធឺរណិត VPN ដែលភ្ជាប់មកជាមួយនឹងកម្មវិធី Microsoft Edge មកស្រាប់ (Built-in)  ហើយមុខងារមួយនេះ ក៏នឹងត្រូវដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃផងដែរ។


ក្រុមហ៊ុន Microsoft បាននិយាយថា មុខងារនេះនឹង Encrypt អ៊ីនធឺរណិតរបស់អ្នកប្រើប្រាស់ ហើយអ្នកក៏អាចប្រើប្រាស់មុខងារ VPN នេះដើម្បីការពារប្រព័ន្ធអ៊ីនធឺរណិតរបស់អ្នក ពីអ្នកផ្គត់ផ្គង់បណ្តាញអ៊ីនធឺរណិតរបស់អ្នកផងដែរ។ ដូចទៅនឹងកម្មវិធី VPN ដ៏ទៃទៀតដែរ អ្នកអាចប្រើប្រាស់វាដើម្បីបិទទីតាំងរបស់អ្នក អនុញ្ញាតឱ្យអ្នកចូលទៅប្រើប្រាស់សេវាកម្មដែលត្រូវបានបិទនៅក្នុងប្រទេស ឬតំបន់ដែលអ្នករស់នៅ។


មុខងារ VPN ថ្មីនៅក្នុងកម្មវិធី Microsoft Edge នឹងកំណត់ចំនួន Data របស់អ្នក 1GB នៅក្នុងមួយខែ ហើយអ្នកក៏នឹងតម្រូវឱ្យមានគណនី Microsoft ដើម្បីអាចប្រើប្រាស់នូវមុខងារមួយនេះបានផងដែរ។ នៅពេលដែលមុខងារនេះដាក់ឱ្យដំណើរការ អ្នកអាចចូលទៅប្រើប្រាស់វាបានដោយគ្រាន់តែចុចទៅលើសញ្ញាចុចបី រួចជ្រើសយក “Secure Network” និងចុចបើក VPN ជាការស្រេច៕


ប្រភព៖ Engadget

Post a Comment

To Top