ក្រុមហ៊ុន Google ប្រកាសចេញកាសឥតខ្សែ Pixel Buds Pro ក្នុងតម្លៃ $200
នៅថ្ងៃនេះ ក្រុមហ៊ុន Google បានប្រកាសចេញពីកាសឥតខ្សែ Pixel Buds Pro របស់ខ្លួន ដែលជាកាសប្រភេទ Premium នៅក្នុងចំណោមខ្សែស្រឡាយកាសឥតខ្សែនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ។ កាសឥតខ្សែ Pixel Buds Pro ត្រូវបានដាក់លក់ក្នុងតម្លៃ $199.99។
កាសឥតខ្សែ Pixel Buds Pro គឺជាប្រភេទកាសឥតខ្សែនៃខ្សែស្រឡាយ Pixel Buds ដំបូងបង្អស់ ដែលគាំទ្រជាមួយនឹងមុខងារទប់សម្លេងរំខានពីខាងក្រៅ (Noise Cancellation)។ កាសឥតខ្សែមួយនេះ បំពាក់មកជាមួយប្រព័ន្ធសម្លេងចំនួន 6 Cores ដែលប្រើសម្រាប់ទុបសម្លេងរំខាន។
មុខងារផ្សេងទៀតក៏មានបន្ថែមមកជាមួយកាសឥតខ្សែរបស់ក្រុមហ៊ុន Google នេះផងដែរ ដែលមាន មុខងារស្រូបសម្លេង, មុខងារទប់ស្កាត់ខ្យល់, មុខងារវាស់ល្បឿនសម្លេង (voice accelerometer), មុខងារបញ្ជាដោយការប៉ះ និងមុខងារបញ្ជាដោយការប្រើជាមួយនឹងជំនួយការរបស់ក្រុមហ៊ុន Google, Google Assistant។ កាសឥតខ្សែនេះដែរ ក៏បំពាក់មកជាមូយបច្ចេកវិទ្យាទប់ស្កាត់ពីការជ្រាបទឹក IPX4 និង IPX2 សម្រាប់ប្រអប់កាសរបស់វាផងដែរ។
កាសឥតខ្សែ Pixel Buds Pro អាចប្រើប្រាស់បានក្នុងរយៈពេល 7 ម៉ោងជាមួយនឹងការបើកមុខងារ Noise Cancellation និងអាចប្រើប្រាស់បានរហូតដល់ទៅ 11 ម៉ោងបើសិនជាមិនបែកដំណើរការមុខងារទប់ស្កាត់សម្លេងពីខាងក្រៅ Noise Cancellation។
បើបូករួមជាមួយនឹងប្រអប់កាសរបស់វា Google Pixel Buds Pro អាចរក្សាជីវិតថ្មបានរហូតដល់ទៅ 20 ម៉ោង ជាមួយនឹងការបើកដំណើរការមុខងារ Noise Cancellation និង 31 ម៉ោង បើសិនជាមិនបើកដំណើរការមុខងារនេះ។ ប្រអប់កាស Google Pixel Buds Pro ក៏អាចគាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែផងដែរ។
កាសឥតខ្សែ Google Pixel Buds Pro នឹងចាប់ផ្តើមដាក់ឱ្យធ្វើការកុម្មង់ទិញតាមប្រព័ន្ធអនឡាញនៅថ្ងៃទី២១ ខែកក្កដា ជាមួយនឹងតម្លៃខាងលើ $199.99៕
ប្រភព៖ GSMArena


Post a Comment