កំហុសរបស់កម្មវិធី AppGallery អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាញយកកម្មវិធីដែលត្រូវបង់ប្រាក់ដោយឥតគិតថ្លៃ
ចាប់តាំងពីពេលដែលសហរដ្ឋអាមេរិកដកហូតសេវាកម្មរបស់ក្រុមហ៊ុន Google ពីក្រុមហ៊ុន Huawei មក ក្រុមហ៊ុនមួយនេះបានចាប់ផ្តើមអភិវឌ្ឍ និងបង្កើតនូវកម្មវិធីផ្ទាល់ខ្លួនជំនួសឱ្យកម្មវិធី ឬ សេវាកម្មរបស់ក្រុមហ៊ុន Google ដែលនៅក្នុងនោះ ក៏មានកម្មវិធី AppGallery ផងដែរ ដែលវាដូចទៅនឹងកម្មវិធី Google Play Store និង App Store ដែរ។
ជាក់ស្តែង កម្មវិធី AppGallery មានបញ្ហាដ៏ធំមួយ នេះបើយោងតាមការលើកឡើងរបស់អ្នកអភិវឌ្ឍន៍ម្នាក់។ អ្នកអភិវឌ្ឍន៍កម្មវិធីរូបនោះបានបន្ថែម កម្មវិធី AppGallery មានបញ្ហាអស់ជាច្រើនខែទៅហើយ និងបើទោះបីជាលោកឡើងរបាយការណ៍ទៅកាន់ក្រុមហ៊ុន Huawei នាខែកុម្ភៈ ក៏ដោយ ក៏ពុំទាន់ឃើញមានការកែប្រែណាមួយនៅឡើយនោះទេ។
កំហុសឆ្គងនៃកម្មវិធី AppGallery អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលអាចយល់ដឹងពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្តិចបន្តួច ធ្វើការទាញយកកម្មវិធីដែលតម្រូវឱ្យទិញដើម្បីទាញយក ដោយឥតគិតថ្លៃបាន។
លោក Dylan Roussel ជាអ្នកអភិវឌ្ឍន៍ដែលបានរកឃើញនូវបញ្ហាមួយនេះបានសង្កត់ធ្ងន់ថា បញ្ហានេះមិនមែនកើតឡើងពីការមិនបើក License Verification ពីអ្នកបង្កើតកម្មវិធីនៅក្នុងកម្មវិធី AppGallery នោះទេ ដែលវាគឺជាកំហុសរបស់ក្រុមហ៊ុន Huawei ដែលមកទល់ពេលនេះ ពុំទាន់បានដោះស្រាយនៅឡើយនោះទេ។
លោក Roussel អាចធ្វើការទាញយកនូវកម្មវិធីដែលតម្រូវឱ្យបង់ប្រាក់ដើម្បីទាញយកជាច្រើនដោយឥតគិតថ្លៃ។ កំហុសឆ្គងមួយនេះ អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រើប្រាស់ API ដើម្បីទាញយកកម្មវិធីដែលតម្រូវឱ្យបង់ប្រាក់ទាំងអស់នោះបានដោយឥតគិតប្រាក់។ យើងសង្ឃឹមថា ក្រុមហ៊ុន Huawei នឹងដោះស្រាយនូវបញ្ហាមួយនេះក្នុងពេលឆាប់ៗនេះ៕
ប្រភព៖ GSMArena

Post a Comment