ក្រុមហ៊ុន Netflix បានបាត់បង់ចំនួនអ្នកទិញកញ្ចប់សេវាកម្មរបស់ខ្លួនប្រមាណជាជាង 200,000 នាក់នៅដើមឆ្នាំ២០២២ នេះ
ក្រុមហ៊ុន Netflix ប្រហែលជាទទួលបាននូវអត្ថប្រយោជន៍ជាច្រើននៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីត ១៩ ប៉ុន្តែក្រុមហ៊ុនមួយនេះ ក៏ទទួលរងនូវការខាតបង់នៅក្នុងអំឡុងពេលថ្មីៗនេះផងដែរ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន Netflix បានបង្ហាញថា ខ្លួនបានបាត់បង់នូវអតិថិជនដែលជា Subscribers របស់ខ្លួនប្រមាណជាជាង 200,000 នាក់នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ នេះ។
យ៉ាងណាម៉ិញ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មស្ទ្រីមខ្សែភាពយន្ត ឬមាតិកាដ៏ធំជាងគេនេះបាននិយាយថា វាអាចនឹងមានបញ្ហាមួយចំនួននៅពីក្រោយហេតុផលនៃការបាត់បង់ចំនួនអតិថិជននេះ។ ក្រុមហ៊ុន Netflix បានធ្វើការប្រៀបធៀបសេវាកម្មរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មស្រ្ទីមអនឡាញផ្សេងទៀតដែលមានដូចជា Disney+ និង Prime Video ដោយក្រុមហ៊ុន Netflix ចង់ធ្វើការបង្កើននូវគុណភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរជាងមុន ប៉ុន្តែពួកគេត្រូវជួបទៅនឹងបញ្ហាមួយចំនួន។
ដូចទៅនឹងព័ត៌មានដែលយើងធ្លាប់បានឮនាពេលថ្មីៗនេះដែរ ក្រុមហ៊ុន Netflix កំពុងធ្វើការរឹតបន្តឹងទៅលើបញ្ហានៃការចែករំលែកគណនី Netflix ដោយបើយោងទៅតាមក្រុមហ៊ុន Netflix ផ្ទាល់បានបញ្ជាក់ថា ការទិញនូវកញ្ចប់សេវាកម្ម Households មានប្រមាណជាជាង 222 លាន ប៉ុន្តែចំនួនប្រមាណជា 100 លានជាងផ្សេងទៀត គឺជាការចែករំលែកគណនី។
ការសម្រេចចិត្តបិទសេវាកម្មស្រ្ទីមរបស់ខ្លួនពីប្រទេសរស្ស៊ី ក៏បានធ្វើឱ្យក្រុមហ៊ុនមួយនេះបាត់បង់នូវចំនួនអ្នកប្រើប្រាស់ដែលបានទិញកញ្ចប់សេវាកម្មរបស់ខ្លួនផងដែរ ដោយក្រុមហ៊ុន Netflix បានបាត់បង់ចំនួនអ្នកប្រើប្រាស់ប្រមាណជាជាង 700,000 នាក់ និងបានទទួលចំនួនអ្នកប្រើប្រាស់ថ្មីប្រមាណជាជាង 500,000 នាក់។ ក្រុមហ៊ុន Netflix បាននិយាយថា ពួកគេនឹងព្យាយាមបង្កើននូវគុណភាពផលិតខ្សែភាពយន្ត ឬមាតិកាផ្សេងៗទៀតដើម្បីជាមធ្យោបាយទាញយកចំនួនអ្នកប្រើប្រាស់ជាច្រើននោះមកវិញ៕
ប្រភព៖ Engadget

Post a Comment