Google នឹងដកកម្មវិធីថតសម្លេងកំឡុងពេលខលចេញពី Play Store នៅថ្ងៃទី១១ ខែឧសភា
ចាប់ផ្ដើមដំបូងពីប្រព័ន្ធប្រតិបត្តិការ Android 12 ដោយក្រុមហ៊ុន Google បានដកនូវមុខងារថតសម្លេងនៅក្នុងកំឡុងពេលខលចេញ ហើយនៅថ្ងៃទី១១ ខែឧសភា ខាងមុខ ក្រុមហ៊ុន Google មានគម្រោងនៅក្នុងការអនុវត្តគោលការណ៍ថ្មីរបស់ Google Play Store ដោយនឹងត្រូវដកនូវកម្មវិធីទីបី (Third-party apps) ដែលប្រើប្រាស់សម្រាប់ថតសម្លេងក្នុងកំឡុងពេលខលចេញ។
ការផ្លាស់ប្ដូរនេះមានគោលបំណងនៅក្នុងការឈានទៅរកភាពជាឯកជន និងបង្កើនប្រព័ន្ធសុវត្ថិភាពសម្រាប់ការហៅទូរស័ព្ទចេញចូលនៅជុំវិញពិភពលោក។ បើទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីដែលមានបំពាក់មកស្រាប់សម្រាប់ធ្វើការថតសម្លេងក្នុងកំឡុងពេលនិយាយទូរស័ព្ទដែលទទួលបានការអនុញ្ញាតពី Accessibility API ហើយនឹងពុំមានការផ្លាស់ប្តូរនោះទេ។
ឧទាហរណ៍ដូចជាទូរស័ព្ទរបស់ក្រុមហ៊ុន Google និង Xiaomi ជាដើម ដែលទូរស័ព្ទទាំងពីរម៉ូដែលនេះ មានបំពាក់មកជាមួយនឹងមុខងារថតសម្លេងនាពេលកំពុងនិយាយទូរស័ព្ទមកស្រាប់ (Call Recording Functionality) ហើយក្រុមហ៊ុន Google គ្មានបំណងនៅក្នុងការដកនូវមុខងារទាំងនោះចេញនោះទេ។
បើនិយាយឱ្យងាយយល់ ក្រុមហ៊ុន Google នឹងដកកម្មវិធីថតសម្លេងពេលកំពុងនិយាយទូរស័ព្ទចេញតែពីនៅក្នុងកម្មវិធី Google Play Store ប៉ុណ្ណោះ ដោយទូរស័ព្ទដែលមានបំពាក់នូវមុខងារនេះមកស្រាប់នឹងពុំមានការផ្លាស់ប្តូរនោះទេ៕
ប្រភព៖ GSMArena

Post a Comment