អ្នកលេងកម្មវិធី TikTok នៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានទទួលការបង់ប្រាក់ពីការបង្ហោះវីដេអូឃោសនាពីលោកពូទីន
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Vice News បានឱ្យដឹងថា Influencers ឬអ្នកលេងកម្មវិធី TikTok ដែលមានចំនួនអ្នកតាមដានច្រើន ត្រូវបានគេរាយការណ៍ថា ពួកគេត្រូវបានគេជួល និងបង់ប្រាក់ឱ្យដើម្បីធ្វើការចែករំលែកវីដេអូផ្សព្វផ្សាយរៀបរាប់អំពីបញ្ហាសង្រ្គាមឈ្លានពានរបស់លោកពូទីន។
នៅក្នុងឆែណែល Telegram មិនស្គាល់ប្រភពមួយ បានប្រាប់ដល់ Influencers ឬអ្នកធ្វើវីដេអូ TikTok ទាំងអស់នោះ ឱ្យដឹងពីគោលបំណងនៃការបង្ហោះវីដេអូរបស់ពួកគេ យល់ដឹងពីអ្វីដែលត្រូវបង្ហោះ និងពេលវេលាដែលត្រូវបង្ហោះ ដើម្បីឱ្យស្របទៅតាមគោលដៅ ឬផែនការរបស់អ្នកដែលបានជួលពួកគេ។ យ៉ាងហោចណាស់ក៏នៅក្នុងចំណោមអ្នកធ្វើវីដេអូ TikTok ទាំងអស់នោះ មានចំនួនអ្នកតាមដានយ៉ាងតិចចាប់ពី ១ លាននាក់ឡើងទៅផងដែរ។
មិនមានប្រភពព័ត៌មានណាមួយបានដឹង ក៏ដូចជាបានបង្ហាញថាតើនរណាជាអ្នកដែលនៅពីក្រោយរឿងនេះនោះទេ ប៉ុន្តែអ្នកធ្វើវីដេអូ TikTok ទាំងអស់នោះ ហាក់បីដូចជាព្យាយាមស្វែងរករូបភាព Poster ដែលបង្ហាញពីការគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសរុស្ស៊ី ដែលមានដូចជា ការគាំទ្រអត្តពលិករុស្ស៊ីក្នុងកីឡាអូឡាំពិក និងក្រុមហ៊ុនឯកជនមួយចំនួនជាដើម។
ក្រុមហ៊ុន TikTok ក៏បានព្យាយាមហាមឃាត់ (Ban) វីដេអូពីកម្មវិធី TikTok នៅក្នុងប្រទេសរុស្ស៊ីផងដែរ ប៉ុន្តែវាហាក់បីដូចជាមិនមានឧបសគ្គអ្វីធំដុំដែលអាចរារាំងដល់ការផ្សព្វផ្សាយរបស់ពួកគេបានឡើយ ដោយអ្នកនៅពីក្រោយការជួលដល់អ្នកធ្វើវីដេអូ TikTok ទាំងអស់នោះ បានប្រាប់ពួកគេពីរបៀបបញ្ជៀសពីការហាមឃាត់ ដោយពួកគេអាចបង្ហោះវីដេអូចេញទៅបាន មុនពេលដែលប្រព័ន្ធហាមឃាត់របស់ក្រុមហ៊ុន TikTok បានកំណត់ និងត្រួតពិនិត្យទៅលើវីដេអូរបស់ពួកគេ។
យ៉ាងណាម៉ិញ ឆែណែល Telegram មួយនេះត្រូវបានបិទនៅថ្ងៃទី០៩ ខែមីនា ក្រោមការស៊ើបអង្កេតរបស់សារព័ត៌មាន Vice រួចមកហើយ ប៉ុន្តែអ្វីដែលនៅតែជាចម្ងល់នោះ ថាតើប្រទេសរុស្ស៊ីគឺជាអ្នកដែលនៅពីក្រោយរឿងមួយនេះ ឬក៏យ៉ាងណា?
ប្រភព÷ Engadget
Post a Comment