ហ្គេម Call of Duty: Warzone នឹងមកដល់នៅលើទូរស័ព្ទក្នុងពេលឆាប់ៗនេះ
Call of Duty: Warzone គឺជាប្រភេទហ្គេម Free-to-play Battle Royal ឬអាចនិយាយបានថាជាហ្គេម Battle Royal ដែលអ្នកអាចលេងបានដោយឥតគិតថ្លៃនៅលើកុងសូល ឬកំព្យូទ័រ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនផលិតហ្គេមមួយនេះ នឹងដាក់បញ្ចេញហ្គេម Call of Duty: Warzone សម្រាប់ជំនាន់ទូរស័ព្ទដៃផងដែរ។
នៅក្នុងការបង្ហោះ Tweet មួយរបស់ក្រុមហ៊ុន Activision ដែលជាក្រុមហ៊ុនផលិតហ្គេមនេះផ្ទាល់បានបង្ហាញថា ពួកគេកំពុងធ្វើការ ក៏ដូចជាកំពុងនាំយកហ្គេមមួយនេះមកកាន់ទូរស័ព្ទដៃ ហើយវាអាចនឹងមកដល់ក្នុងរយៈពេលឆាប់ៗខាងមុខនេះ។
ហ្គេម Call of Duty: Warzone ជំនាន់ថ្មីនៅលើទូរស័ព្ទដៃនេះ នឹងក្លាយជាប្រភេទហ្គេម CoD ទីពីរសម្រាប់ទូរស័ព្ទដៃ ដែលវាមានលក្ខណៈប្រហាក់ប្រហែលទៅនឹងហ្គេម Call of Duty: Mobile របស់ក្រុមហ៊ុនផលិតហ្គេម Activision ដែលចេញកាលពីឆ្នាំ២០១៩។ សម្រាប់កាលបរិច្ឆេទពិតប្រាកដនៃការដាក់បញ្ចេញហ្គេម Call of Duty: Warzone សម្រាប់ទូរស័ព្ទដៃ ពុំទាន់មានប្រភពព័ត៌មានណាមួយបានបញ្ជាក់ ឬមានការបញ្ជាក់ពីក្រុមហ៊ុន Activision ផ្ទាល់នៅឡើយនោះទេ។
ក្រុមហ៊ុនផលិតហ្គេម Activision អាចនឹងនាំយកហ្គេមរបស់ខ្លួនជាច្រើនទៀតពីកុងសូល ឬពីកំព្យូទ័រមកកាន់ទូរស័ព្ទដៃនាពេលអនាគត ដែលនេះគឺជាគម្រោងរបស់ក្រុមហ៊ុន Microsoft ដោយក្រុមហ៊ុនយក្សមួយនេះបានធ្វើការទិញយកក្រុមហ៊ុនផលិតហ្គេម Activision សម្រាប់ដាក់នៅក្នុងកញ្ចប់សេវាកម្ម Cloud និងកុងសូលហ្គេមរបស់ខ្លួនរួចមកហើយ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)៕
ប្រភព÷ Engadget
Post a Comment