ក្រុមហ៊ុន Rockstar បាននិយាយថា ការផលិតហ្គេម GTA ជំនាន់ថ្មីកំពុងប្រព្រឹត្តទៅយ៉ាងរលូន

ក្រុមហ៊ុន Rockstar ដែលត្រូវបានអ្នកលេងហ្គេម (Gamer) ស្គាល់ថាជាក្រុមហ៊ុនផលិតហ្គេម GTA (Grand Theft Auto) បាននឹងកំពុងជាប់ដៃទៅលើការផលិតហ្គេម GTA ជំនាន់ថ្មី ដែលនឹងមកដល់នៅក្នុងថ្ងៃទី១៥ ខែមីនា ខាងមុខនេះ។ តាមពិតទៅ ក្រុមហ៊ុន Rockstar ក៏ធ្លាប់ចេញកាលបរិច្ឆេទនៃការដាក់បញ្ចេញហ្គេម GTA ជំនាន់ថ្មីនៅក្នុងខែវិច្ឆិកា កាលពីឆ្នាំមុនដែរ ប៉ុន្តែដោយសារតែជួបបញ្ហាមួយចំនួន ទើបក្រុមហ៊ុនសម្រេចពន្យារពេលវិញ។

គួបញ្ជាក់ផងដែរថា ហ្គេម GTA ជំនាន់ថ្មីនេះ នឹងនៅតែស្ថិតក្នុងស៊េរីហ្គេម GTA V និង GTA Online ដដែល ដោយមិនមែនជាការដាក់បញ្ចេញហ្គេម GTA 6 នោះទេ។ ក្រុមហ៊ុន Rockstar បាននិយាយថា នៅពេលដែលហ្គេម GTA V និង GTA Online ឈានមកដល់ជំនាន់កុងសូលទី ៣ ហើយ (Third Console Generation) Gamer ក៏ដូចជាអ្នកលេងហ្គេម នឹងទទួលបាននូវមុខងារថ្មីៗដែលក្រុមហ៊ុនទើបតែបានដាក់បញ្ចូល។

មុខងារថ្មីៗមួយចំនួនដែលក្រុមហ៊ុន Rockstar បានដាក់បញ្ចូលទៅក្នុងហ្គេម GTA ជំនាន់ថ្មីនោះមានដូចជា ការកែប្រែ ក៏ដូចជាបន្ថែមទៅលើក្រាហ្វិកឱ្យមានភាពទាក់ទាញជាងមុន, អាចអនុញ្ញាតឱ្យអ្នកលេងហ្គេមអាចលេងក្នុងល្បឿន 60 fps ជាមួយនឹងកម្រិតបង្ហាញ 4K បាន, បន្ថែមនូវបច្ចេកវិទ្យា ray-tracing, មុខងារ HDR, និងធ្វើកំណែអាប់ដេតទៅលើ Textures និង Draw Distances នៅក្នុងហ្គេម។

បន្ថែមពីនេះ អ្នកក៏នឹងទទួលបាននូវប្រភេទសម្លេង 3D ចេញពីហ្គេម GTA ជំនាន់ថ្មី បូករួមជាមួយនឹងការបើកចូលទៅក្នុងហ្គេមមានល្បឿនលឿនជាងមុនផងដែរ។ អ្នកអភិវឌ្ឍន៍ហ្គេម GTA ជំនាន់ថ្មីនេះ កំពុងតែទាញយកប្រយោជន៍ពីឧបករណ៍បញ្ជា DualShock របស់ហ្គេមកុងសូល PS5 ដើម្បីដាក់បញ្ចូលនូវមុខងារ “Advanced haptic feedback” ឬ អាចបកបានជាភាសាខ្មែរថា ការផ្តល់រំញ័រលងតបមកវិញ។

ហ្គេម GTA V និង GTA Online ជំនាន់ថ្មីនឹងដាក់ឱ្យធ្វើការបញ្ជាទិញក៏ដូចជាលេងបាននៅក្នុងហ្គេមកុងសូល PS5 នៅថ្ងៃទី១៥ ខែមីនា បូករួមជាមួយនឹងការផ្តល់ជូននូវការលេងដោយឥតគិតថ្លៃសម្រាប់រយៈពេលបីខែផងដែរ។ សម្រាប់អ្នកលេងហ្គេម GTA V និង GTA Online នៅលើហ្គេមកុងសូល PS4 និង Xbox One វិញ ក៏អាចធ្វើការផ្ទេរនូវការលេងហ្គេមរបស់ពួកគេទៅកាន់ហ្គេម GTA V និង GTA Online ជំនាន់ថ្មីបានផងដែរ។

ក្រុមហ៊ុន Rockstar មិនបានបង្ហើបពីតម្លៃរបស់ហ្គេម GTA V និង GTA Online ជំនាន់ថ្មីនោះទេ ប៉ុន្តែអ្វីដែលក្រុមហ៊ុនមួយនេះបានបង្ហើបនោះ គឺហ្គេម GTA 6 កាន់តែកៀកជិតមកដល់មែនទែនហើយ ដោយក្រុមហ៊ុនបាននិយាយថា ក្រុមអ្នកអភិវឌ្ឍន៍ហ្គេម GTA 6 កំពុងតែប្រព្រឹត្តការងារផលិតហ្គេមនេះទៅដោយរលូន ហើយក្រុមហ៊ុននឹងធ្វើជូនដំណឹងជាផ្លូវការទៅកាន់អ្នកលេងហ្គេម នៅពេលដែលហ្គេម GTA 6 ជិតផលិតបានរួចរាល់៕


ប្រភព÷ Engadget

Post a Comment

To Top