ទូរស័ព្ទ Honor 60 SE បានបង្ហាញខ្លួនជាផ្លូវការជាមួយការរចនាកាមេរ៉ាស្រដៀងទៅនឹង...
នៅថ្ងៃនេះ ក្រុមហ៊ុន Honor បានដាក់បញ្ចេញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ដែលស្ថិតនៅក្នុងជួរខ្សែស្រលាយត្រកូល Honor 60 SE ដែលជាទូរស័ព្ទដែលមានតម្លៃសមរម្យមួយ។ ការរចនាកាមេរ៉ាផ្នែកខាងក្រោយរបស់ទូរស័ព្ទមួយនេះ មានលក្ខណៈស្រដៀងទៅនឹងកាមេរ៉ាក្រោយរបស់ទូរស័ព្ទ iPhone Pro របស់ក្រុមហ៊ុន Apple ប៉ុន្តែទូរស័ព្ទមួយនេះ គឺជាទូរស័ព្ទដែលបំពាក់មកជាមួយកម្លាំងម៉ាសុីនកម្រិតមធ្យមនោះទេ។
ការប្រកាសដាក់បង្ហាញខ្លួនជាផ្លូវការរបស់ទូរស័ព្ទមួយនេះ ក៏បានលេចចេញពីលក្ខណៈសម្បត្តិត្រួសៗមួយចំនួនផងដែរ ដោយទូរស័ព្ទ Honor 60 SE នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 900 បូករួមជាមួយនឹងទំហំរ៉េម 8GB។ បន្ថែមពីនេះ វាក៏ប្រើប្រាស់នូវបន្ទះអេក្រង់ OLED ទំហំ 6.67អុីញ ដែលមានល្បឿនអូសអេក្រង់ 120Hz បូករួមជាមួយនឹងការបង្ហាញទឹកពណ៌ប្រភេទ DCI-P3 100% ផងដែរ។
ទូរស័ព្ទ Honor 60 SE នឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4,300mAh និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 66W។ ទូរស័ព្ទមួយនេះ នឹងដំណើរការនៅលើផ្ទៃប្រើប្រាស់ Magic UI 5.0 ចេញពីប្រអប់ផ្ទាល់ និងអាចធ្វើកំណែអាប់ដេតទៅកាន់ផ្ទៃប្រើប្រាស់ Magic UI 6.0 បានផងដែរ។ចំណែកឯផ្នែកកាមេរ៉ាខាងក្រោយវិញ យើងពុំបានទទួលនូវព័ត៌មានច្រើននោះទេ ដោយយើងគ្រាន់តែអាចដឹងបានថា វានឹងប្រើប្រាស់កាមេរ៉ាគោលខាងក្រោយទំហំ 64 មេហ្កាភិចស៊ែល។
ក្រុមហ៊ុន Honor នឹងដាក់លក់ទូរស័ព្ទ Honor 60 SE ជាផ្លូវការនៅថ្ងៃទី១៧ ខែកុម្ភៈ ដែលនឹងនាំមកជាមួយជម្រើសពណ៌ចំនួនបីគឺ ពណ៌ខ្មៅ ពណ៌ប្រាក់ និងពណ៌ Jade Green។ ចំពោះតម្លៃខ្លួនវិញ Honor 60 SE អាចនឹងដាក់លក់ក្នុងតម្លៃ CNY2,199 ($345) សម្រាប់អង្គផ្ទុកទិន្នន័យទំហំ 128GB និងតម្លៃ CNY2,499 ($390) សម្រាប់អង្គផ្ទុកទិន្នន័យទំហំ 256GB៕
ប្រភព÷ GSMArena






Post a Comment