ក្រុមហ៊ុន Google បានបញ្ជាក់ពីការមកដល់នៃជម្រើសពណ៌ Dynamic Themes ថ្មីសម្រាប់ Android 12
លក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសថ្មីៗទៀតរបស់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 នោះគឺជាសមត្ថភាពដែលអាចផ្លាស់ប្ដូរ និងកែតម្រូវនូវប្រភេទ Dynamic Themes នៅលើទូរស័ព្ទរបស់ខ្លួនបាន។
យ៉ាងណាម៉ិញ មុខងារមួយនេះគឺមានផ្តាច់មុខតែនៅលើទូរស័ព្ទត្រកូល Pixel របស់ក្រុមហ៊ុន Google ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន Google បាននឹងកំពុងនាំយកវាទៅកាន់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 ដ៏ទៃទៀតហើយ។
ក្រុមហ៊ុនទូរស័ព្ទដែលនឹងទទួលបាននូវមុខងារ Dynamic Themes ថ្មីពីក្រុមហ៊ុន Google មានដូចជា ក្រុមហ៊ុន Samsung, Xiaomi, Oppo, OnePlus, Vivo, Realme និង Tecno ប៉ុន្តែសម្រាប់ថ្ងៃខែបរិច្ឆេទច្បាស់លាស់វិញ ក្រុមហ៊ុន Google មិនទាន់បានបញ្ជាក់នៅឡើយទេ។ ក្រុមហ៊ុន Google ក៏បានបញ្ចេញនូវរូបភាពមួយសន្លឹក ដែលបានបង្ហាញពីពណ៌ Themes នោះ នៅក្នុងកម្មវិធី Gmail ផងដែរ។
អ្នកគ្រប់គ្រងផលិតផល Android គឺលោក Rohan Shah ក៏បាននិយាយផងដែរថា ក្រុមហ៊ុន Google កំពុងតែចាប់ដៃគូសហការជាមួយនឹង OEMs ដើម្បីធានាឱ្យបានថា API រចនាសំខាន់ៗនៃ Dynamic Themes នឹងដំណើរការបានត្រឹមត្រូវ និងល្អប្រសើរនៅគ្រប់ប្រព័ន្ធប្រតិបត្តិការ Android ទាំងអស់ផងដែរ៕
ប្រភព÷ GSMArena
Post a Comment