ក្រុមហ៊ុន Tesla បានធ្វើការពន្យារពេលក្នុងការបញ្ចេញរថយន្តអគ្គិសនីម៉ូដែល Cybertruck របស់ខ្លួនរហូតដល់ឆ្នាំក្រោយ

បើយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន Tesla នឹងធ្វើការពន្យារពេលដល់ឆ្នាំក្រោយ សម្រាប់ការបញ្ចេញរថយន្តអគ្គិសនី Cybertruck របស់ខ្លួន។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះត្រូវបានគេរាយការណ៍ថា អាចនឹងចាប់ផ្តើមធ្វើការផលិតរថយន្តអគ្គិសនីប្រភេទដឹកទំនិញ (Electric Truck) នៅចុងត្រីមាសទីមួយនៃឆ្នាំ២០២៣ ជំនួសឱ្យឆ្នាំនេះវិញ។

ខណៈពេលដែលក្រុមហ៊ុន Tesla មិនទាន់បានប្រកាសជាផ្លូវការនៃការពន្យារពេលក្នុងការបញ្ចេញរថយន្តអគ្គិសនី Cybertruck យើងអាចកំណត់សម្គាល់បានជាក់ស្តែង ដោយគេហទំព័របញ្ជាទិញរថយន្ត Cybertruck ត្រូវបានដកចេញនូវឯកសារយោង ដែលបង្ហាញពីការផលិតនៅឆ្នាំ២០២២។

ត្រឡប់ទៅកាន់ខែវិច្ឆិកាវិញ ធ្លាប់មានម្ចាស់គណនី Twitter ម្នាក់បានធ្វើការសាកសួរទៅលោក Elon Musk អំពីរថយន្តអគ្គិសនី Cybertruck ហើយលោក Elon Musk ដែលជាប្រធានរបស់ក្រុមហ៊ុន Tesla បានធ្វើការឆ្លើយតបថា ក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងកង្វះខាតខ្សែសង្វាក់នៃការផ្គត់ផ្គង់ ដោយលោកបានលើកឡើងបន្ថែមថា លោកនឹងផ្តល់ព័ត៌មានបន្ថែមទៀតចំពោះរឿងនេះ នៅពេលដែលក្រុមហ៊ុនទទួលបានប្រាក់ចំណូលសមល្មមសម្រាប់ចំណាយទៅលើការផលិតរថយន្តអគ្គិសនីម៉ូដែល Cybertruck។

ការពន្យារពេលក្នុងការបញ្ចេញរថយន្តអគ្គិសនី Cybertruck នេះមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយលោក Elon Musk ធ្លាប់បានដាក់បង្ហាញពីរថយន្តមួយនេះនៅក្នុងឆ្នាំ២០១៩ ម្តងរួចមកហើយ ដោយលោកបានសន្យាថា ក្រុមហ៊ុននឹងដាក់បញ្ចេញលក់ឱ្យបានក្នុងឆ្នាំ២០២១ ប៉ុន្តែវាក៏ត្រូវបានពន្យារពេលរហូតមកដល់ពេលនេះ៕


ប្រភព÷ Engadget

Post a Comment

To Top