ទូរស័ព្ទ nubia Red Magic 7 អាចនឹងមានមួយម៉ូដែល ដែលនឹងបំពាក់មកជាមួយកាមេរ៉ាក្រោមអេក្រង់

ក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ ទូរស័ព្ទត្រកូល Red Magic 7 របស់ក្រុមហ៊ុន nubia ដែលគ្រោងនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ បានលេចធ្លាយនូវព័ត៌មានបែកធ្លាយមួយចំនួន ដែលចេញពីគណនីផ្លូវការរបស់ក្រុមហ៊ុននៅក្នុងគេហទំព័រ Weibo។

បើយោងតាម Digital Chat Station បានឱ្យដឹងថា ក្នុងចំណោមទូរស័ព្ទត្រកូល Red Magic 7 អាចនឹងមានមួយម៉ូដែល ដែលនឹងប្រើប្រាស់ជាមួយកាមេរ៉ាបង្កប់ក្រោមអេក្រង់។ បើសិនជាព័ត៌មានមួយនេះជាការពិតមែន ទូរស័ព្ទត្រកូល Red Magic 7 អាចនឹងក្លាយជាទូរស័ព្ទ Gaming ដំបូងគេបង្អស់ដែលប្រើប្រាស់ជាមួយបច្ចេកវិទ្យាបង្កប់កាមេរ៉ាក្រោមអេក្រង់មួយនេះ។

រូបភាពគំរូនៃកាមេរ៉ាក្រោមអេក្រង់

ក្រុមហ៊ុន nubia អាចនឹងមានបំណងចង់ផលិតទូរស័ព្ទដៃ Gaming ដែលមានអេក្រង់ពេញ ដោយពុំមានឆក ឬ កាមេរ៉ាទម្លុះអេក្រង់ដែលអាចផ្តល់ជាការរំខានដល់ការលេងហ្គេម។ ក្រុមហ៊ុនមួយនេះក៏ធ្លាប់បានបញ្ចេញទូរស័ព្ទដៃ Gaming ដែលមានអេក្រង់ពេញចំនួនពីរដងរួចមកហើយ ដូចនេះការដែលបង្កប់កាមេរ៉ាក្រោមអេក្រង់ អាចជាជំហានថ្មីដែលក្រុមហ៊ុន nubia កំពុងកំណត់ដើរ។

គេហទំព័រ Weibo ក៏បាននិយាយសង្ខេបពីលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទមួយនេះផងដែរ ដោយវាអាចនឹងបំពាក់មកជាមួយកង្ហារបន្សាបកម្តៅនៅពេលលេងហ្គេមដែលមានកម្លាំងរហូតដល់ទៅ 20,000 RPM។


យ៉ាងណាម៉ិញ ក្រុមហ៊ុន nubia មិនបានធ្វើការបញ្ជាក់ជាផ្លូវការអំពីព័ត៌មានខាងលើនៅឡើយទេ ដូច្នេះយើងមានតែត្រូវរង់ចាំតាមដានបន្តទៀត៕


ប្រភព÷ GSMArena

Post a Comment

To Top