ក្រុមហ៊ុន Microsoft គ្រោងនឹងទិញយកក្រុមហ៊ុនផលិតហ្គេម Activision Blizzard ក្នុងតម្លៃប្រមាណជាជាង 68.7 ពាន់លានដុល្លារ

ជាការបោះជំហានដ៏ធំមួយសម្រាប់ឆ្នាំ២០២២ ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួននឹងទិញយកក្រុមហ៊ុន Activision Blizzard ដែលជាក្រុមហ៊ុនផលិតហ្គេមដ៏ល្បីមួយក្នុងតម្លៃជាទឹកប្រាក់ប្រមាណជាជាង 68.7 ពាន់លានដុល្លារ។ ការបោះជំហានមួយនេះ នឹងធ្វើឱ្យក្រុមហ៊ុន Microsoft ក្លាយជាក្រុមហ៊ុនផលិតហ្គេមដែលជាប់ចំណាត់ថ្នាក់ទីបី ដែលជាក្រុមហ៊ុនផលិតហ្គេមដ៏ធំលំដាប់ពិភពលោក បន្ទាប់ពីក្រុមហ៊ុន Tencent និងក្រុមហ៊ុន Sony។

ការទិញសិទ្ធិផ្តាច់មុខពីក្រុមហ៊ុនផលិតហ្គេមមួយនេះ អាចអនុញ្ញាតឱ្យក្រុមហ៊ុន Microsoft ធ្វើការដាក់បញ្ចូលនូវហ្គេមរបស់ក្រុមហ៊ុន Activision Blizzard និងពីស្ទូងឌីយ៉ូ King មកដាក់បញ្ចូលក្នុងសេវាកម្ម Gaming របស់ខ្លួនបាន ដែលមានដូចជា ហ្គេម Warcraft, Diablo, Overwatch, Call of Duty និង Candy Crush។ ក្រោយទទួលបានឈ្មោះហ្គេមល្បីៗទាំងអស់នេះមកដាក់បញ្ចូលក្រោមសេវាកម្មរបស់ខ្លួន ក្រុមហ៊ុន Microsoft អាចពង្រីកវិសាលភាពសេវាកម្មហ្គេមរបស់ខ្លួនទាំងនៅលើ PC, Console និងទូរស័ព្ទដៃ បានដោយងាយស្រួល និងអាចមានឱកាសរកចំណូលបានច្រើនពីសំណាក់អ្នកលេងហ្គេមផងដែរ។

ក្រុមហ៊ុន Microsoft ក៏គ្រោងនឹងដាក់បញ្ចូលកញ្ចប់ហ្គេមទាំងអស់របស់ក្រុមហ៊ុន Activision Blizzard ចូលទៅក្នុងកញ្ចប់សេវាកម្មហ្គេមរបស់ខ្លួនផងដែរ ដែលឥឡូវនេះ ក្រុមហ៊ុន Microsoft មានសមាជិកដែលជាអ្នកភ្ជាប់គម្រោងលេងហ្គេម ប្រមាណជាជាង 25 លាននាក់រួចមកហើយ។ 

បើយោងតាមសារដែលបានសរសេរដោយនាយកប្រតិបត្តិនៃក្រុមហ៊ុន Microsoft Gaming គឺលោក Phil Spencer បានឱ្យដឹងថា ក្រុមហ៊ុននឹងដាក់បញ្ចូលហ្គេមរបស់ក្រុមហ៊ុន Activision Blizzard ទាំងអស់ទៅក្នុង Xbox និង PC Game Pass ឱ្យបានកាន់តែច្រើនតាមតែអាចធ្វើបាន ដើម្បីជាកាដូឆ្នាំថ្មីសម្រាប់សមាជិករបស់ក្រុមហ៊ុន Microsoft Gaming។

ខណៈពេលនេះ លោក Bobby Kotick នៅតែបន្តដំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Activision Blizzard ជាបណ្តោះអាសន្នសិន រហូតដល់កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ ទើបដំណែងជា CEO នឹងត្រូវប្រគល់ឱ្យទៅលោក Phil Spencer៕


ប្រភព÷ GSMArena

Post a Comment

To Top