ក្រុមហ៊ុន Realme ក៏នឹងនាំយកបន្ទះឈីបកំពូល Dimensity 9000 មកបំពាក់នៅលើទូរស័ព្ទដៃរបស់ខ្លួនដែរ
ក្រុមហ៊ុន MediaTek កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ បន្ទាប់ពីក្រុមហ៊ុនមួយនេះបានបញ្ចេញបន្ទះឈីប flagship chipset ជំនាន់ថ្មីរបស់ខ្លួនគឺបន្ទះឈីប Dimensity 9000។
បន្ថែមពីនេះ ក្រុមហ៊ុន MediaTek ក៏បានយកបន្ទះឈីបថ្មីរបស់ខ្លួន ទៅធ្វើការតេស្តសាកល្បងជាមួយនឹងបន្ទះឈីប Snapdragon 8 ជំនាន់ទី១ លើផ្នែក AI និងផ្នែកផ្សេងៗទៀតផងដែរ។
នៅក្នុងទីផ្សារផលិតបន្ទះឈីបទូរស័ព្ទនេះ ក្រុមហ៊ុន MediaTek អាចនឹងក្លាយជាដៃគូប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Qualcomm ដោយរហូតមកដល់ពេលនេះ មានក្រុមហ៊ុនផលិតទូរស័ព្ទដៃមួយចំនួនហើយ ដែលបានប្រកាសថា ខ្លួននឹងនាំយកបន្ទះឈីប Dimensity 9000 មកបំពាក់លើទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន ដោយនៅក្នុងនោះក៏រួមមានក្រុមហ៊ុន Realme ផងដែរ។
ក្រុមហ៊ុន Realme បានយកបន្ទះឈីប Dimensity 1200 មកបំពាក់លើទូរស័ព្ទរបស់ខ្លួនរួចស្រេចមកហើយ ដូចនេះ វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលក្រុមហ៊ុន Realme នឹងនាំយកបន្ទះឈីប Dimensity 9000 មកបំពាក់នៅលើស្មាតហ្វូនរបស់ខ្លួននាពេលខាងមុខនោះ៕
ប្រភព: GSMArena
Post a Comment