ក្រុមហ៊ុន Oppo នឹងដាក់លក់ទូរស័ព្ទម៉ូដែល Find X ចំនួនបីគ្រឿង ដែលក្រុមហ៊ុនឱ្យឈ្មោះថា Oppo Find X5 មិនមែន Oppo Find X4 នោះទេ

នៅដើមខែធ្នូនេះ ក្រុមហ៊ុន Oppo បានធ្វើការសន្យាទៅដល់អ្នកគាំទ្រផលិតផលរបស់ខ្លួនថា ក្រុមហ៊ុននឹងដាក់បញ្ចេញទូរស័ព្ទម៉ូដែល Find X ដែលមានបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 ជំនាន់ទីមួយ ឱ្យបាននៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២២។ 

បន្ទាប់ពីក្រុមហ៊ុន Oppo ធ្វើការប្រកាសពីការមកដល់របស់ទូរស័ព្ទត្រកូល Find X របស់ខ្លួនកាលពីពីរសប្ដាហ៍មុន ឥឡូវនេះ ក្រុមហ៊ុនផលិតបន្ទះឈីបទូរស័ព្ទ MediaTek បានធ្វើការបញ្ជាក់បន្ថែមផងដែរថា ទូរស័ព្ទត្រកូល Find X ទាំងបីម៉ូដែលនោះ នឹងមានមួយម៉ូដែលដែលនឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 9000។

បន្ថែមពីនេះ បើយោងតាមការលេចធ្លាយពី Digital Chat Station បានបង្ហាញថា សម្រាប់ទូរស័ព្ទត្រកូល Find X ម៉ូដែលទីបី ពុំទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Oppo ឬក្រុមហ៊ុនផលិតបន្ទះឈីបផ្សេងទៀត អំពីបន្ទះឈីបដែលនឹងបំពាក់មកជាមួយម៉ូដែលនេះនៅឡើយនោះទេ។

ក្រុមហ៊ុន Oppo បានឱ្យឈ្មោះទូរស័ព្ទម៉ូដែល Find X របស់ខ្លួនថាជា Find X5 ជំនួសឱ្យ Find X4 ដោយសារតែលេខ ៤ នៅក្នុងប្រទេសចិន ត្រូវបានចាត់ទុកថាជាលេខមិនល្អ ឬក៏អាចមានន័យថា “ស្លាប់” ដូចនេះហើយ ទើបក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសចិន មិនប្រើប្រាស់លេខ ៤ សម្រាប់ដាក់ជាឈ្មោះទូរស័ព្ទរបស់ពួកគេ៕


ប្រភព: GSMArena

1 Comments

To Top