ក្រុមហ៊ុន OnePlus គ្រោងនាំយកទូរស័ព្ទ OnePlus RT និងកាសឥតខ្សែ Buds Z2 ចូលទៅក្នុងទីផ្សារប្រទេសឥណ្ឌានាខែធ្នូខាងមុខនេះ
ក្រុមហ៊ុន OnePlus បានបញ្ចេញទូរស័ព្ទនិងកាសឥតខ្សែជំនាន់ថ្មីរបស់ខ្លួនចំនួនពីរគឺ ទូរស័ព្ទ OnePlus 9RT និងកាសស្តាប់ឥតខ្សែ Buds Z2 TWS នៅក្នុងខែតុលាលើទីផ្សារប្រទេសចិន។ នាពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus គ្រោងនឹងនាំយកទូរស័ព្ទនិងកាសឥតខ្សែទាំងពីរម៉ូដែលនេះ ចូលទៅក្នុងទីផ្សារប្រទេសឥណ្ឌានាអំឡុងខែធ្នូខាងមុខនេះ។
បើយោងទៅតាមគេហទំព័រ 91mobiles បានអះអាងថា ទូរស័ព្ទ OnePlus RT នឹងនាំមកជាមួយនឹងជម្រើសពណ៌ពីរជម្រើសគឺពណ៌ Hacker Black និងពណ៌ Nano Silver។ ចំណែកឯកាសឥតខ្សែ Buds Z2 វិញក៏នឹងនាំមកជាមួយនឹងជម្រើសពណ៌ពីរដូចគ្នាគឺពណ៌ Obsidian Black និងពណ៌ Pearl White។
ទូរស័ព្ទ OnePlus 9RT ដំណើរការជាមួយនឹងបន្ទះឈីបកំពូល Snapdragon 888 SoC និងភ្ជាប់មកជាមួយនឹងជម្រើស RAM 12GB និងអង្គផ្ទុកទិន្នន័យ 256GB។ ទូរស័ព្ទនេះដែរ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ស្រោបនៅលើ ColorOS 12 ដែលយើងឃើញមាននៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Oppo ផងដែរ។
ស្មាតហ្វូន OnePlus 9RT នេះត្រូវបានបំពាក់ឡើងដោយអេក្រង់ AMOLED ដែលមានទំហំ 6.62 អុីញ FullHD+ និងមានល្បឿនអូសអេក្រង់ (Refresh rate) 120Hz។
ចំណែកឯកាសឥតខ្សែ Buds Z2 វិញនឹងបំពាក់មកជាមួយនឹងប្រព័ន្ធប៊្លូធូ 5.2 និងគាំទ្រដោយបច្ចេកវិទ្យា Dolby Atmos ដែលផ្តល់ជូនបទពិសោធន៍នៃការស្តាប់បានពីរោះជាងកាសដែលមិនមានបំពាក់នូវបច្ចេកវិទ្យាមួយនេះ៕
Post a Comment