ទូរស័ព្ទ iPhone 13 Pro Max ស្រោបមាស 24 ការ៉ាត់!!

ទូរស័ព្ទ iPhone 13 Pro Max ដែលមានទំហំផ្ទុក 1TB មានតម្លៃជិតពីរពាន់ដុល្លាស្រាប់ទៅហើយ ចុះទម្រាំតែយកទូរស័ព្ទដែលត្រូវចំណាយប្រាក់អស់ជិត 20 សន្លឹកនេះ យកទៅស្រោបមាសបន្ថែម 24 ការ៉ាត់ទៀត តើតម្លៃនឹងកើនទៅជាយ៉ាងណា? 


កាលពីថ្ងៃទី 24 ខែ កញ្ញា ក្រុមហ៊ុនផលិតស្មាតហ្វូន ថេប្លេត ក៏ដូចជាឧបករណ៍អេឡិចត្រូនិក ឈានមុខគេរបស់សហរដ្ឋអាមេរិកគឺ ក្រុមហ៊ុន Apple បានប្រកាសចេញនូវទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួនដែលមាន iPhone 13, iPhone 13 Mini, iPhone 13 Pro និង iPhone 13 Pro Max។ 

ក្នុងចំណោម ម៉ូដែលទាំងបួននេះ iPhone 13 Pro Max ទទួលបានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ច្រើនជាងគេ ដោយសារវាមានអេក្រង់នឹងទំហំថ្មធំជាង iPhone 13 ទាំងបីម៉ូដែលនោះ។ 

អាស្រ័យហេតុនេះ ទើបក្រុមហ៊ុន Goldgenie ដែលជាក្រុមហ៊ុនជំនាញខាងកែឆ្នែនូវទូរស័ព្ទដៃ ថេប្លេត ឬឧបករណ៍អេឡិចត្រូនិក ឱ្យក្លាយជាវត្ថុមានតម្លៃដូចមាស បានធ្វើការដាក់លក់នូវទូរស័ព្ទ iPhone 13 Pro Max ស្រោបមាសរហូតដល់ 24 ការ៉ាត់ ដែលមានតម្លៃជិត 5000 ដុល្លា (សម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក)។ ទូរស័ព្ទ iPhone 13 Pro Max ស្រោបមាស 24 ការ៉ាត់មកជាមួយនឹងប្រអប់គុណភាពល្អប្រណិតមួយដែលមើលទៅមានតម្លៃថ្លៃ បូកផ្សំជាមួយនឹងឆ្នាំងសាកនិងខ្សែសាក Original របស់ក្រុមហ៊ុន Apple ផងដែរ


ក្រុមហ៊ុន Goldgenie បានធ្វើការផ្លាស់ប្តូរនូវតួខ្លួនខាងក្រោយរបស់ iPhone 13 Pro Max ចេញ ដែលជំនួសវិញដោយតួខ្លួននឹងខ្នងទូរស័ព្ទស្រោបមាសសុទ្ធ 24 ការ៉ាត់។ ការស្រោបមាសនៅតួខ្លួនខាងក្រោយទូរស័ព្ទនេះ មិនបានធ្វើការផ្លាស់ប្តូរនូវទំហំផ្ទុក ឬក៏បន្ថែមនូវ ram អ្វីនោះទេ តែអ្នកប្រើប្រាស់នឹងត្រូវបាត់បង់នូវអាវក្រោះការពារ IP68(ការពារនូវការចូលទឹក) ដោយសារការផ្លាស់ប្តូរខ្នងខាងក្រោយស្រោបមាសនេះ។ ចំពោះអ្នកវិញ តើអ្នកយល់ឃើញយ៉ាងណាដែរជាមួយនឹងទូរស័ព្ទ iPhone 13 Pro Max ស្រោបមាស 24 ការ៉ាត់នេះ?

រូបភាព: GoldGenie YouTube

ប្រភព: GSMArena, GoldGenie

Post a Comment

To Top